ធី វណ្ណនីដា កញ្ញាឯកលេខ2 កម្មវិធីយុវតារា2008ក្លាយជាតារា


រាជ ធានីភ្នំពេញ ៖ ក្នុងវ័យ១៩ឆ្នាំ កញ្ញា ធី វណ្ណនីដា អតីតកញ្ញាឯកចំណាត់ថ្នាក់លេខ២ក្នុងកម្មវិធីយុវតារាឆ្នាំ២០០៨ នៃស្ថានីយទូរទស្សន៍បាយ័នបានក្លាយជាអ្នកចំរៀងក្នុងពិភពស៊ីឌី និងជាអ្នកសំដែងកាយវិការខារ៉ាអូខេផងដែរ។ កញ្ញាធី វណ្ណនីដា អ្នកចំរៀងថ្មីបានចាប់ផ្តើមនៅឆ្នាំ២០០៨ ក្រោយពីប្រឡងជាប់ក្នុងកម្មវិធីយុវតារា។ ពេលនេះនាងកំពុងតែខិតខំបញ្ចេញទេពកោសល្យសំដែង និងច្រៀងជូនប្រិយមិត្តទស្សនិកជនបានឃើញ បានស្តាប់ ទឹកដមសំលេងរបស់នាងតាមរយៈកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍តាម ស្ថានីយទូរទស្សន៍នានា។ កន្លងមកនាងតែងតែមានឱកាសឡើងច្រៀងជាកិត្តិយសនៅលើឆាកតន្ត្រី ទូរទស្សន៍ CTN ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប៉ុស្តិ៍បាយ័ន និងថ្មីៗនេះឡើងច្រៀងក្នុងកម្មវិធីតន្ត្រីដួងតារាមាស ដោយជ្រើសរើសបទចំរៀងរបស់នាងដែលថតសំលេងចូលសីុឌីឱ្យផលិតកម្ម មហាហង្សមកច្រៀង នោះគឺបទចង់បានស្នេហ៍ស្មោះ និងបទយុវវ័យមិនភ្លើតភ្លើន។
កញ្ញាធី វណ្ណនីដា និយាយថា កន្លងមកនាងធ្លាប់សំដែងក្នុងខ្សែភាពយន្តរឿង តុលាការអាទិទេព រឿងភូមិខ្ញុំស្រស់ឆើតឆាយ និងក្នុងឆ្នាំ២០១១នេះ កំពុងត្រៀមចេញសំដែងក្នុងខ្សែភាពយន្តថ្មីឱ្យផលិតកម្មមហាហង្ស។ បោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈសំដែង និងច្រៀងនេះ នីដានិយាយថា ដោយសារតែនាងមាននិស្ស័យស្រឡាញ់ចូលចិត្តសិល្បៈតាំងពីក្មេងមក ម្យ៉ាងវិញទៀតដោយសារឪពុក ម្តាយជាអ្នកជួយផ្តល់កំលាំងចិត្តនិងជំរុញនាងឱ្យដើរលើវិថីនេះ ។ កញ្ញា ធី វណ្ណនីដា មានស្រុកកំណើតនៅឯស្រុកសណ្តាន់ខេត្តកំពង់ធំ តែក្រុមគ្រួសារនាងមករស់នៅភ្នំពេញតាំងពីនាងនៅកុមារភាព។ សព្វថ្ងៃក្រុមគ្រួសារនាងស្នាក់នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ នាងជាកូនច្បងក្នុងចំណោមបងប្អូនស្រី២នាក់។
កញ្ញា ធី វណ្ណនីដា និយាយថា ថ្វីបើនាងជាអ្នកចំរៀងថ្មីពិតមែនតែនាងមានចិត្តសប្បាយរីករាយ ខ្លាំងណាស់ ដោយទទួលបានជោគជ័យក្នុងវិស័យសិល្បៈដែលនាងស្រឡាញ់ ហើយនាងសង្ឃឹមក្នុងចិត្តថា នៅថ្ងៃអនាគតនាងនឹងមានអ្នកគាំទ្រច្រើន និងល្បីឈ្មោះមិនខាន ៕
កញ្ញា ធី វណ្ណនីដា និយាយថា ថ្វីបើនាងជាអ្នកចំរៀងថ្មីពិតមែនតែនាងមានចិត្តសប្បាយរីករាយ ខ្លាំងណាស់ ដោយទទួលបានជោគជ័យក្នុងវិស័យសិល្បៈដែលនាងស្រឡាញ់ ហើយនាងសង្ឃឹមក្នុងចិត្តថា នៅថ្ងៃអនាគតនាងនឹងមានអ្នកគាំទ្រច្រើន និងល្បីឈ្មោះមិនខាន ៕